ក្រុមការងារវិគីភីឌាខ្មែរ មានសេចក្ដីរីករាយសូមជម្រាបជូនអំពីគម្រោង វិគីភីឌាខ្មែរ ២០១៤ ដែលយើងនឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយនេះ។ នៅពេលនេះយើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីធ្វើ ការលើគម្រោងនេះ។
សូមចូលអានបន្ថែម និងចុះឈ្មោះតាមរយៈតំណនេះ ៖ http://goo.gl/7xoDyw%EF%BB%BF
===
ពីមួយថ្ងៃទៅមួយថ្ងៃ កំណើនធនធានជាភាសាខ្មែរកំពុងកើនឡើងជាលំដាប់នៅលើវេបសាយជាច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែធនធានទាំងនោះមិនទាន់អាចបំពេញតម្រូវការរបស់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងមនុស្សទាំងឡាយបាននៅឡើយទេ។ វិគីភីឌាខ្មែរ បានរួមចំណែកមួយដើម្បីជួយបង្កើនធនធានជាភាសាខ្មែរ ដោយមានការចូលរួមជួយពីមនុស្សជាច្រើន ដែលស្រលាញ់ការចែករំលែក ស្រលាញ់ភាសាខ្មែរ ដើម្បីឲ្យកើតជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរនៅថ្ងៃនេះ និងអនាគត។ វិគីភីឌាខ្មែរ បានមានវត្តមានលើអ៊ីនធឺណិតជាង ៨ឆ្នាំមកហើយ។ ប៉ុន្តែអត្ថបទទាំងឡាយដែលមាននៅក្នុងនេះ គឺមិនទាន់គ្រប់គ្រាន់អាចយកទៅប្រើប្រាស់បានច្រើននៅឡើយទេ ដោយសារបញ្ហាមួយចំនួនដូចជា៖ ខ្វះគុណភាព (មិនមានអ្នកជំនាញត្រួតពិនិត្យ), ខ្វះខាតអត្ថបទ និងខ្វះខាតផ្នែកបច្ចេកទេសជាដើម។ ត្រឡប់ទៅកាលពីឆ្នាំ ២០១១ វិញ ក្រុមការងារវិគីភីឌាខ្មែរបានរួមគំនិតគ្នាបង្កើតសិក្ខាសាលាមួយចំនួន ដើម្បីជម្រុញនិងផ្សព្វផ្សាយឲ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងអ្នកជំនាញបានចូលរួមចំណែកជួយដល់វិគីភីឌា។ នៅពេលនោះ យើងទទួលបានលទ្ធផលដ៏ល្អប្រសើរមួយ តែមិនមែនល្អឥតខ្ចោះឡើយ។ ដូច្នេះហើយ ដើម្បីបង្កើតសកម្មភាពថ្មីៗជាបន្តបន្ទាប់ទៀត ដែលអាចជួយដល់វិគីភីឌាខ្មែរ នៅឆ្នាំ២០១៤ ខាងមុខនេះ វិគីភីឌាខ្មែរ បានទទួលការសហការ និងឧបត្ថម្ភពីខាងអង្គការមួយចំនួនដូចជា៖ អង្គការ SILK (Social Innovation Lab Kampuchea), អង្គការវិទ្យាស្ថានបើកទូលាយ (Open Institute) និង សិទ្ធិហាប់ (Sithi Hub) ក្នុងគោលបំណងពង្រីកវិសាលភាពវិគីភីឌាខ្មែរ និងផ្សព្វផ្សាយឲ្យមនុស្សជាច្រើនទៀតបានចូលរួមជាមួយយើង។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ចូលរួមក្នុងគម្រោងរបស់វិគីភីឌាខ្មែរ សូមអានសកម្មភាពការងារ និងលក្ខខណ្ឌចូលរួម ដែលមាននៅខាងក្រោមនេះ។ សកម្មភាពការងារ៖ នៅក្នុងគម្រោងឆ្នាំ ២០១៤ ខាងមុខនេះ ក្រុមការងារវិគីភីឌាខ្មែរត្រូវការអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីធ្វើការលើគម្រោងនេះរយៈពេល ៦ខែ (តិចជាង ១៨សប្ដាហ៍) ក្នុងនោះរួមមាន៖ 1. ការបញ្ចូលអត្ថបទដែលមានស្រាប់ (បានវាយរួចរាល់) 2. ស្វែងរកអត្ថបទថ្មី (សៀវភៅចាស់ៗ និងបកប្រែថ្មី) 3. កែសម្រួលអត្ថបទដែលមានក្នុងវិគីភីឌា 4. ជួបជុំធ្វើការរៀងរាល់ថ្ងៃអាទិត្យ (យ៉ាងហោចណាស់ ៣អាទិត្យ ក្នុង ១ខែ) លក្ខខណ្ឌចូលរួម៖ 1. យ៉ាងហោចណាស់ អ្នកអាចចូលរួមបាន ៨០% នៃរយៈពេលការងារសរុប។ 2. អ្នកត្រូវចេះភាសាខ្មែរ ចេះវាយអក្សរខ្មែរយូនីកូដ។ 3. អ្នកត្រូវដាក់ចិត្ត និងផ្ដោតលើគម្រោងនេះ ជាពិសេសនៅពេលជួបជុំធ្វើការ។ 4. អ្នកត្រូវបង្កើតទំនាក់ទំនងជាមួយនឹងអ្នកស្ម័គ្រចិត្តដទៃទៀត ដោយគ្មានការរើសអើង។ 5. អ្នកត្រូវបញ្ចេញមតិយោបល់លើបញ្ហា ឬកំហុសណាមួយដែលអ្នកបានឃើញ និងរាយការណ៍មកកាន់ក្រុមការងារ ប្រសិនបើអ្នកមិនអាចចូលរួមប្រជុំនៅក្នុងសប្ដាហ៍ណាមួយ។ 6. នេះគឺជាគម្រោងស្ម័គ្រចិត្ត និងមិនរកប្រាក់ចំណេញអ្វីឡើយ ដូច្នេះយើងខ្ញុំពុំមានប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃចំណាយផ្សេងៗណាមួយទេ ដូចជាថ្លៃធ្វើដំណើរ ជាដើម។ អ្វីដែលអ្នកនឹងទទួលបាន៖ 1. ទទួលបានចំណេះដឹងលើការវាយអក្សរខ្មែរយូនីកូដបានត្រឹមត្រូវ និងចំណេះដឹងទាំងឡាយពីឯកសារនានាដែលត្រូវដាក់បញ្ចូលទៅក្នុងវិគីភីឌា។ 2. ពង្រីកទំនាក់ទំនងជាមួយនឹងមនុស្សដទៃទៀត។ 3. ក្លាយជាមនុស្សម្នាក់ដែលចូលរួមជួយដល់បច្ចុប្បន្ន និងអនាគតប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយធនធានឯកសារជាភាសាជាតិដល់សង្គមបច្ចុប្បន្ន និងអនាគត ជាពិសេសយុវជនជំនាន់ក្រោយ។ **យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌដោយមិនជម្រាបជាមុន។
*Vantharith OUM* *A Citizen of the World*