ក្រុមការងារវិគីភីឌាខ្មែរ មានសេចក្ដីរីករាយសូមជម្រាបជូនអំពីគម្រោង វិគីភីឌាខ្មែរ ២០១៤ ដែលយើងនឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយនេះ។ នៅពេលនេះយើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីធ្វើ ការលើគម្រោងនេះ។

សូមចូលអានបន្ថែម និងចុះឈ្មោះតាមរយៈតំណនេះ ៖ http://goo.gl/7xoDyw

===

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ កំណើន​ធនធាន​ជា​ភាសាខ្មែរ​កំពុង​កើន​ឡើង​ជា​លំដាប់​នៅ​លើ​វេបសាយ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ធនធាន​ទាំងនោះ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​របស់​សិស្ស និស្សិត អ្នក​ស្រាវជ្រាវ និង​មនុស្ស​ទាំងឡាយ​បាន​នៅឡើយ​ទេ។ វិគីភីឌា​ខ្មែរ បាន​រួម​ចំណែក​មួយ​ដើម្បី​ជួយ​បង្កើន​ធនធាន​ជា​ភាសាខ្មែរ ដោយ​មាន​ការ​ចូលរួម​ជួយ​ពី​មនុស្ស​ជា​ច្រើន ដែល​ស្រលាញ់​ការ​ចែករំលែក ស្រលាញ់​ភាសាខ្មែរ ដើម្បី​ឲ្យ​កើត​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ​នៅ​ថ្ងៃនេះ និង​អនាគត។ វិគីភីឌា​ខ្មែរ បាន​មាន​វត្តមាន​លើ​អ៊ីនធឺណិត​ជាង ៨ឆ្នាំ​មកហើយ។ ប៉ុន្តែ​អត្ថបទ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​នេះ គឺ​មិន​ទាន់​គ្រប់គ្រាន់​អាច​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន​នៅឡើយ​ទេ ដោយ​សារ​បញ្ហា​មួយ​ចំនួន​ដូច​ជា៖ ខ្វះ​គុណភាព (មិន​មាន​អ្នក​ជំនាញ​ត្រួត​ពិនិត្យ), ខ្វះខាត​អត្ថបទ និង​ខ្វះខាត​ផ្នែក​បច្ចេកទេស​ជាដើម។ ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ ២០១១ វិញ ក្រុម​ការងារ​វិគីភីឌា​ខ្មែរ​បាន​រួម​គំនិត​គ្នា​បង្កើត​សិក្ខាសាលា​មួយ​ចំនួន ដើម្បី​ជម្រុញ​និង​ផ្សព្វផ្សាយ​ឲ្យ​សិស្ស និស្សិត អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​វិគីភីឌា។ នៅ​ពេល​នោះ យើង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​មួយ តែ​មិនមែន​ល្អ​ឥតខ្ចោះ​ឡើយ។ ដូច្នេះ​ហើយ ដើម្បី​បង្កើត​សកម្មភាព​ថ្មីៗ​ជា​បន្ត​បន្ទាប់​ទៀត ដែល​អាច​ជួយ​ដល់​វិគីភីឌា​ខ្មែរ នៅ​ឆ្នាំ​២០១៤ ខាង​មុខនេះ វិគីភីឌា​ខ្មែរ បាន​ទទួល​ការ​សហការ និង​ឧបត្ថម្ភ​ពី​ខាង​អង្គការ​មួយ​ចំនួន​ដូច​ជា៖ អង្គការ SILK (Social Innovation Lab Kampuchea), អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) និង សិទ្ធិហាប់ (Sithi Hub) ក្នុង​គោល​បំណង​ពង្រីក​វិសាលភាព​វិគីភីឌា​ខ្មែរ និង​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​បាន​ចូលរួម​ជាមួយ​យើង។ ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​គម្រោង​របស់​វិគីភីឌា​ខ្មែរ សូម​អាន​សកម្មភាព​ការងារ និង​លក្ខខណ្ឌ​ចូលរួម ដែល​មាន​នៅ​ខាង​ក្រោម​នេះ។ សកម្មភាព​ការងារ៖ នៅ​ក្នុងគម្រោង​ឆ្នាំ ២០១៤ ខាង​មុខ​នេះ ក្រុម​ការងារ​វិគីភីឌា​ខ្មែរ​ត្រូវការ​អ្នក​ស្ម័គ្រចិត្ត​ចំនួន ២០​នាក់ ដើម្បី​ធ្វើការ​លើ​គម្រោង​នេះ​រយៈពេល ៦ខែ (តិច​ជាង ១៨​សប្ដាហ៍) ក្នុង​នោះ​រួមមាន៖ 1. ការបញ្ចូល​អត្ថបទ​ដែល​មាន​ស្រាប់ (បាន​វាយ​រួចរាល់) 2. ស្វែងរក​អត្ថបទ​ថ្មី (សៀវភៅ​ចាស់ៗ និង​បកប្រែ​ថ្មី) 3. កែសម្រួល​អត្ថបទ​ដែល​មាន​ក្នុង​វិគីភីឌា 4. ជួបជុំ​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ​អាទិត្យ (យ៉ាង​ហោច​ណាស់ ៣អាទិត្យ ក្នុង ១ខែ) លក្ខខណ្ឌ​ចូលរួម៖ 1. យ៉ាង​ហោច​ណាស់ អ្នក​អាច​ចូលរួម​បាន ៨០% នៃ​រយៈ​ពេល​ការងារ​សរុប។ 2. អ្នក​ត្រូវ​ចេះ​ភាសាខ្មែរ ចេះ​វាយ​អក្សរ​ខ្មែរ​យូនីកូដ។ 3. អ្នក​ត្រូវ​ដាក់​ចិត្ត និង​ផ្ដោត​លើ​គម្រោង​នេះ ជា​ពិសេស​នៅ​ពេល​ជួបជុំ​ធ្វើការ។ 4. អ្នក​ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​ដទៃ​ទៀត ដោយ​គ្មាន​ការ​រើសអើង។ 5. អ្នក​ត្រូវ​បញ្ចេញ​មតិ​យោបល់​លើ​បញ្ហា ឬ​កំហុស​ណាមួយ​ដែល​អ្នក​បាន​ឃើញ និង​រាយការណ៍​មក​កាន់​ក្រុមការងារ ប្រសិន​បើ​អ្នក​មិន​អាច​ចូលរួម​ប្រជុំ​នៅ​ក្នុង​សប្ដាហ៍​ណាមួយ។ 6. នេះ​គឺជា​គម្រោង​ស្ម័គ្រចិត្ត និង​មិន​រក​ប្រាក់​ចំណេញ​អ្វី​ឡើយ ដូច្នេះ​យើងខ្ញុំ​ពុំ​មាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ថ្លៃ​ចំណាយ​ផ្សេងៗ​ណាមួយ​ទេ ដូចជា​ថ្លៃ​ធ្វើ​ដំណើរ ជាដើម។ អ្វី​ដែល​អ្នក​នឹង​ទទួល​បាន៖ 1. ទទួលបាន​ចំណេះដឹង​លើ​ការវាយ​អក្សរ​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ និង​ចំណេះដឹង​ទាំងឡាយ​ពី​ឯកសារ​នានា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​វិគីភីឌា។ 2. ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ដទៃ​ទៀត។ 3. ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចូលរួម​ជួយ​ដល់​បច្ចុប្បន្ន និង​អនាគត​ប្រទេសកម្ពុជា ក្នុង​ការផ្សព្វផ្សាយ​ធនធាន​ឯកសារ​ជា​ភាសា​ជាតិ​ដល់​សង្គម​បច្ចុប្បន្ន និង​អនាគត ជាពិសេស​យុវជន​ជំនាន់​ក្រោយ។ **យើង​ខ្ញុំ​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ​ដោយ​មិន​ជម្រាប​ជាមុន។


Vantharith OUM
A Citizen of the World