សួស្ដី អ្នកទាំងអស់គ្នា!
សុខសប្បាយជាទេ? សូមអភ័យទោស ចំពោះការចេញរបាយការណ៍ នៃវិគីជួបជុំ ភ្នំពេញ៤
រាងយឺតបន្ដិច ព្រោះក្រុមការងារយើងមានភារៈរវល់ ផ្សេងៗទៀតដែលត្រូវបំពេញ ប្រចាំថ្ងៃ។
សូមអរគុណដល់ ប្អូន សុវិចិត្រដែលបានសរសេររបាយការណ៍ ខាងក្រោមនេះ។
សង្ឃឹមថានឹងជួបគ្នានៅ វិគីជួបជុំ ភ្នំពេញ៥ និងនៅលើកក្រោយៗនេះ។
សម្រាប់ព័ត៌មានអំពី វិគីជួបជុំ ភ្នំពេញ៥ ក្រុមការងារយើងនឹងជម្រាបជូន នៅពេលក្រោយទៀត។
សូមអរគុណ និងសុខសប្បាយទាំងអស់គ្នា!
--------
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ នេះ វិគីជួបជុំលើកទី៤
បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
ការជួបជុំលើកនេះមានអ្នកចូលរួមតិចជាងលើកទី៣ ប្រមាណជិត២០នាក់។
ដូច្នេះលើកទី៤នេះ ឃើញមានអ្នកចូលរួមត្រឹមតែ ៣៧នាក់ប៉ុណ្ណោះ។
ប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ជជួបជុំលើកទី៤ នេះមានដូចជា៖
- ការណែនាំត្រួសៗអំពី វិគីភីឌា
- ការណែនាំអំពីរបៀបប្រើប្រាស់ ចន្លោះមើលមិនឃើញ នៅក្នុងយូនីកូដខ្មែរ
- អំពីការបង្កើតទំព័រគំរូ
- អំពីរបៀបនៃការសរសេរអត្ថបទ (បកស្រាយដោយវាគ្មិនឈ្មោះ ចេង លីតា មកពីសាកលវិទ្យាល័យភូមិន្ទ)
- ការណែនាំឡើងវិញពីការចាប់ផ្ដើមសរសេរអត្ថបទ
ការជួបជុំលើកនេះ បានដំណើរការទៅបានល្អ
តែយើងក៏ទទួលបានសំនូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ផងដែរ។
ក្នុងសំនូមពរដែលអ្នកចូលរួម បាននិយាយនៅថ្ងៃនោះមានដូចជា៖
- សូមឲ្យមានការបោះពុម្ពជាក្រដាសឯកសារ ដើម្បីចែកជូនអ្នកចូលរួម ក្នុងការជួបជុំក្នុងខែនិមួយៗ
- សូមឲ្យមានបង្កើតជាវីដេអូមេរៀន
ដើម្បីទុកឲ្យអ្នកមិនដែលមិនមែនជាអ្នក IT និងអ្នករៀនប្រើ
វិគីភីឌា ដំបូងងាយស្រួលប្រតិបត្តិតាម
យើងខ្ញុំគិតថា ចំណុចទាំងពីរខាងលើនេះ
យើងនឹងធ្វើការរៀបចំនៅពេលខាងមុខ។
នៅពេលបន្ទាប់យើងនឹងរៀបចំចងក្រងធ្វើជាកូនសៀវភៅណែនាំអំពីរបៀប
ប្រើប្រាស់ វិគីភីឌា មួយ។ ចំណែកចំណុចទី២ យើងនៅពិភាក្សាគ្នាថា
តើគួរយកវីដេអូបរទេសមកដាក់អក្សររត់ពីក្រោម (sub-title) ឬក៏
ធ្វើថ្មីតែម្ដង។ តើអ្នកគិតថា គួរតែបង្កើតថ្មី ឬក៏
យកវីដេអូបរទេសមកធ្វើអក្សររត់ពីក្រោម?
ក្រៅពីនេះ យើងក៏បានធ្វើប្រអប់បរិច្ចាគផងដែរ។
យើងទទួលបានប្រាក់ប្រមាណជិត៤ម៉ឺនរៀល
ដែលអាចគ្រប់គ្រាន់ក្នុងការបោះពុម្ពក្រដាស
និងទិញទឹកសុទ្ធសម្រាប់វិគីជួបជុំលើកក្រោយ។